ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានផ្សាយថា យន្តហោះប្រព័ន្ធអេឡិចត្រូនិកប្រភេទ EP-3 របស់កងទ័ពជើងទឹកអាមេរិក ដែលបានហោះហើរឆ្លងកាត់សមុទ្រចិនខាងកើត ត្រូវបានរុញច្រានដោយយន្តហោះ J-10 របស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ។
យោងតាមកាសែត Navy Times បានឱ្យដឹងថា យន្តហោះឈ្លបយកការណ៍អេឡិចត្រូនិករបស់អាមេរិក កំពុងហោះហើរក្នុងដែនទឹកអន្តរជាតិនៅសមុទ្រចិនខាងកើត ចម្ងាយ 80 ម៉ាយខាងត្បូងទីក្រុង Qingdao របស់ប្រទេសចិន នៅពេលយន្តហោះ J-10 របស់ចិនពីរគ្រឿងបានមកពីក្រោយ។
អាជ្ញាធរចិនមិនទាន់បានបញ្ជាក់ ឬ ធ្វើអត្ថាធិប្បាយអំពីឧបទ្ទវហេតុនោះទេ។ ប៉ុន្តែប្រសិនបើហេតុការណ៍ពិត ត្រូវបានរាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកមែននោះ វាមានន័យថា យន្តហោះស៊ើបការណ៍អាមេរិក ហោះហើរលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ចិន នៅក្នុងសមុទ្រចិនខាងកើត។
នាវាចម្បាំង និង យន្ដហោះរបស់អាមេរិក តែងតែធ្វើបេសកកម្មឈ្លបយកការណ៍ នៅដែនសមុទ្រចិន។ ប្រទេសចិនបានទាមទារជាយូរមកហើយ ថាភាគីអាមេរិក ត្រូវបញ្ឈប់សកម្មភាពដែលធ្វើឱ្យគ្រោះថ្នាក់ ដល់សន្តិសុខដែនសមុទ្រ និង ដែនអាកាសរបស់ខ្លួន ( របស់ចិន ) ដើម្បីការពារកុំឱ្យឧប្បត្តិហេតុទាំងនេះកើតឡើង។
ការស្ទាក់ចាប់ចុងក្រោយនេះ បានកើតឡើងខណៈពេលដែលរដ្ឋបាលរបស់ Donald Trump បានរាយការណ៍ថា បានសម្រេចចិត្តបង្កើនចំនួននៃផែនការល្បាត ” សេរីភាពនាវាចរណ៍ ” នៅក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសចិនគោរពសេរីភាព នៃការធ្វើនាវាចរណ៍ប៉ុន្តែចាត់ទុកឥរិយាបថរបស់អាមេរិកនៅក្នុងតំបន់ ថាជាការគំរាមកំហែង និង មានបំណងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និង សន្តិសុខរបស់ប្រទេសចិន និង បណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !