វ៉ាស៊ីនតោន – ក្រសួងការបរទេសអាមេរិក បានឱ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ( MOU ) ថ្មីមួយរយៈពេល 10 ឆ្នាំ ជាមួយនឹងប្រទេសអ៊ីស្រាអែល លើជំនួយសន្តិសុខសម្រាប់ឆ្នាំសារពើពន្ធ 2019 រហូតដល់ឆ្នាំ 2028។
ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបានបង្ហាញតួលេខថា អនុស្សរណៈនៃការយោគយល់គ្នានេះ បង្កើតបានជាការសន្យាធំបំផុតតែមួយ នៃជំនួយយោធាទ្វេភាគី នៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិក។
អនុស្សរណៈថ្មី នឹងត្រូវបានចុះហត្ថលេខាក្នុងពិធីមួយនៅថ្ងៃពុធ ក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Jacob Nagel ជាទីប្រឹក្សាស្តីទីសន្តិសុខជាតិរបស់អ៊ីស្រាអែល បានមកដល់ក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ដើម្បីចុះហត្ថលេខាក្នុងនាមប្រទេសរបស់លោក។
កាសែត Washington Post បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យអ៊ីស្រាអែលយ៉ាងច្រើនដល់ទៅ 3,8 ពាន់លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់រយៈពេល 10 ឆ្នាំ។
កាសែតនេះបាននិយាយទៀតថា ការនេះបង្ហាញពីកំណើនឡើងគួរឱ្យកត់សម្គាល់ ជាង 3,8 ពាន់លានដុល្លារ ដែលអាមេរិកបានផ្តល់ឱ្យជារៀងរាល់ឆ្នាំនៅពេលនេះ ជាតួលេខមួយកើនដល់ប្រហែល 3,5 ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយការបន្ថែមជំនួយ ហើយត្រូវបានអនុម័តដោយសភា។
ការចរចាសម្រាប់កញ្ចប់ជំនួយនេះ បានប្រព្រឹត្តទៅតាំងពីខែវិច្ឆិកា ដើម្បីជំនួសអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងបញ្ចប់នៅក្នុងឆ្នាំ 2018។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពពត៌មាន៖ Reuters
ហាមយកព័ត៌មាន ឬ អត្ថបទនៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !