ក្នុងសុន្ទរកថាមួយនៅឯវិទ្យាស្ថាន Brookings Institution ប្រធានធនាគារពិភពលោក គឺលោក Jim Yong Kim បានដាក់ចេញនូវ សសរស្តម្ភបី ដែលលោកបាននិយាយថា នឹងជួយសម្រេចឱ្យបានគោលដៅនោះ។ សសរស្តម្ភទាំងនោះរួមមាន កំណើនសេដ្ឋកិច្ចដែលមាននិរន្តរភាព និង ល្បឿននៃការបញ្ចូលគ្នា ការវិនិយោគលើធនធានមនុស្ស និង ការជំរុញភាពធន់ទៅនឹងបញ្ហាដែលគំរាមកំហែងជាសកល។
របាយការណ៍របស់ធនាគារពិភពលោក កាលពីថ្ងៃអាទិត្យដែលមានចំណងជើងថា “ ភាពក្រីក្រ និង ការចែករំលែកវិបុលភាពឆ្នាំ 2016 ” បានឱ្យដឹងថា នៅថ្ងៃនេះមានមនុស្សតិចជាងមុន រស់នៅក្នុងភាពក្រីក្រខ្លាំង ប៉ុន្តែបញ្ហាប្រឈមគឺនៅតែមានយ៉ាងច្រើន ក្នុងការសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រ នៅទូទាំងពិភពលោកនៅឆ្នាំ 2030។
លោក Kim បានលើកឡើងពីការពិតដែលថា វិសមភាពប្រាក់ចំណូល រវាងមនុស្សទាំងអស់នៅលើពិភពលោក បានធ្លាក់ចុះ និង វិសមភាពនៅក្នុងប្រទេសជាតិនានា បានធ្លាក់ចុះនៅក្នុងប្រទេសជាច្រើន ទាំងប្រទេសអ្នកមាន និង ប្រទេសអ្នកក្រ។ ប៉ុន្តែវិសមភាពនៅតែមានកម្រិតខ្ពស់ នៅទូទាំងពិភពលោក និង ក្នុងបណ្តាប្រទេសនានា ក្នុងនោះរួមមាននៅប្រទេសចិនផងដែរ។
លោកប្រធានធនាគារពិភពលោករូបនេះ បានរៀបរាប់ពីស្ថានភាពនេះ ថាជាកំហិតកំណើន និង ការបង្កាត់ពូជអស្ថេរភាព។
លោកបានថ្លែងថា ការនេះមានន័យថា មិនត្រឹមតែយើងត្រូវផ្តោតជាសំខាន់លើកំណើនប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវតែបន្តការងាររបស់យើង ដើម្បីកាត់បន្ថយវិសមភាពនេះ។ យើងត្រូវតែធ្វើឱ្យមានកំណើនកាន់តែសមភាពច្រើនឡើងថែមទៀត។
លោក Kim បានថ្លែងទៀតថា អាទិភាពកំពូលរបស់យើង គឺដើម្បីបញ្ចប់ភាពក្រីក្រធ្ងន់ធ្ងរ និង បង្កើនការចែករំលែកវិបុលភាព និង ការចូលរួមរបស់យើងជាមួយនឹងវិស័យឯកជន ដែលត្រូវតែចាក់គ្រឹះទៅក្នុងតម្លៃស្នូលទាំងពីរនេះ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពពត៌មាន៖ World Bank News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !