ដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសចិន របស់លោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋភូមា បានធ្វើអោយមានការចាប់អារម្មណ៍បានច្រើន នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រុមអ្នកវិភាគថែមទាំងបានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ស៊ូជី ថាជាដំណាក់កាលសំខាន់មួយ នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច, សន្ដិសុខជាតិ និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ នាពេលអនាគតទៀតផង។
លោក Maochun នាយកនៃមជ្ឈមណ្ឌលសម្រាប់ការទូតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Tsinghua បាននិយាយថា រដ្ឋាភិបាលប្រទេសភូមា ត្រូវការធ្វើអោយមានតុល្យភាពទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្តាប្រទេសធំៗ និង ទទួលយកវិធីសាស្រ្តជាច្រើនទៀត នៃវិស័យការទូត ដូច្នេះវាអាចរក្សាបាននូវសន្តិសុខ និង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកបានពន្យល់ថា ខណៈដែលប្រទេសនេះត្រូវការដើម្បីស្តារសេដ្ឋកិច្ច និងកំណើនការងាររបស់ខ្លួន វាអាចទទួលផលប្រយោជន៍ ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសចិន ព្រមទាំងបណ្តាប្រទេសអាស៊ាន តាមរយៈការផ្តួចផ្តើមនៃគម្រោង Belt and Road និង វិស័យដទៃទៀត។ លោកបានសាទរចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ស៊ូជី ទៅប្រទេសចិន ថាជាការសំខាន់ណាស់ដោយនិយាយថា វាអាចពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច មិត្តភាព និង ជំនឿទុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ។
ប្រទេសភូមា បានទទួលរងជាយូរមកហើយ ពីបញ្ហាដែលទាក់ទងទៅនឹង ឯករាជ្យភាព ការបំបែកខ្លួន និង ស្វ័យភាពក្នុងតំបន់។ អ្នកវិភាគបាននិយាយបន្តទៀតថា ក្នុងនាមជាប្រទេស ដែលយល់ពីសារៈសំខាន់នៃស្ថិរភាពជាតិនោះ ប្រទេសចិនសង្ឃឹមថា ថ្ងៃណាមួយខ្លួននឹងមើលឃើញ ប្រទេសភូមា មានសន្តិភាពនិង ការបង្រួបបង្រួម។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពពត៌មាន៖ Xinhua News