កាលពីថ្ងៃអង្គារ ប្រទេសចិនបានព្រមានថា សង្គ្រាមនៅលើឧបទ្វីបកូរ៉េ នឹងមិនផ្តល់ផលល្អដល់ភាគីទាំងពីរទេ បន្ទាប់ពីមានសង្គ្រាមពាក្យសំដីរវាងក្រុងព្យុងយ៉ាង និង វ៉ាស៊ីនតោននាពេលថ្មីៗនេះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា សហរដ្ឋអាមេរិកបានបដិសេធយ៉ាងច្បាស់ថា ខ្លួនមិនបានប្រកាសសង្គ្រាមលើកូរ៉េខាងជើង។ សហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា ខ្លួននឹងស្វែងរកមធ្យោបាយសន្តិភាព ដើម្បីសំរេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
កាលពីថ្ងៃចន្ទ លោក Ri Yong-ho រដ្ឋមន្ត្រីការបរទេសរបស់កូរ៉េខាងជើង បាននិយាយថាប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសសង្គ្រាមលើកូរ៉េខាងជើង ហើយថាក្រុងព្យុងយ៉ាង មានសិទ្ធិគ្រប់ជ្រុងជ្រោយដើម្បីការពារខ្លួន។
លោក Lu បាននិយាយបន្ថែមទៀតថា សង្គ្រាមនឹងនាំមកនូវការឈឺចាប់យ៉ាងខ្លាំង ចំពោះតំបន់ដែលកំពុងមានគ្រោះថ្នាក់ ហើយយើងសង្ឃឹមថាសហរដ្ឋអាមេរិក និង កូរ៉េខាងជើងដឹងថាការប្រើមធ្យោបាយយោធា គឺមិនមែនជាមធ្យោបាយដែលអាចសម្រេចបាននោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បានចង្អុលបង្ហាញពីជំហររឹងមាំ របស់ប្រទេសចិន ដោយនិយាយថា ភាគីចិនប្រឆាំងជំទាស់នឹងសង្គ្រាម និង ចលាចលនៅលើឧបទ្វីបកូរ៉េ ហើយបានសម្តែងការមិនពេញចិត្តផងដែរ ចំពោះការកើនឡើងនៃសង្គ្រាមពាក្យសំដី រវាងសហរដ្ឋអាមេរិក និង កូរ៉េខាងជើង។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !