មន្ត្រីពាណិជ្ជកម្មចិនមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និង បន្ធូរបន្ថយការចូលទីផ្សារសម្រាប់ក្រុមហ៊ុនបរទេស ដើម្បីអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងជាតិ សម្រាប់ការយកចិត្តទុកដាក់ជាមុន និង ការចុះបញ្ជីអវិជ្ជមាន។
មតិយោបល់នេះ បានកើតឡើងចំពេលមានការព្រួយបារម្ភជាសាធារណៈ ដែលថាការកាត់បន្ថយពន្ធរបស់អាមេរិកនាពេលថ្មីៗនេះ ប្រហែលជាអាចបង្វែរមូលធនឆ្ងាយពីប្រទេសចិន ហើយទាក់ទាញការយកចិត្តទុកដាក់ពីជុំវិញពិភពលោកចំពោះអាមេរិក។
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា គោលនយោបាយពន្ធមានតួនាទីសំខាន់ ដល់ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន ប៉ុន្តែវាមិនមែនជាកត្តាតែមួយគត់នោះទេ។
លោក Feng បានកត់សម្គាល់ថា ធាតុផ្សំផ្សេងទៀតរួមមាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សក្តានុពលទីផ្សារ កត្តាផលិតកម្ម និង បរិយាកាសធុរកិច្ច ក៏គួរតែត្រូវបានពិចារណាដែរ។
លោក Gao បានកត់សម្គាល់ទៀតថា ប្រទេសចិនបានធ្វើឱ្យប្រសើរឡើងនូវសង្វាក់ឧស្សាហកម្មរបស់ខ្លួន បានបង្កើនចំនួនកម្មករដែលបានទទួលការបណ្តុះបណ្តាល និង មានទីផ្សារប្រើប្រាស់ជាមួយនឹងសក្តានុពលកំណើនដ៏ធំធេង ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងរក្សាកំណើនមធ្យមទៅខ្ពស់។
លោកបានមានប្រសាសន៍បន្តថា យើងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពបរិយាកាសធុរកិច្ច ការវិនិយោគ និង កាត់បន្ថយឧបសគ្គចំពោះការចូលមកវិនិយោគទុនរបស់បរទេស។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !