លោក Kim Hyun Joong ឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងជើង ប្រចាំប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ក្រុងព្យុងយ៉ាងនឹងចាត់វិធានការសងសឹក ប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកបំផុត នៅក្នុងប្រវត្ដិសាស្ដ្ររបស់ខ្លួន។
លោក Kim បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌ Interfax ថា ចាប់តាំងពីសហរដ្ឋអាមេរិក បានដាក់ចេញនូវបញ្ហាប្រឈមដ៏ទូលំទូលាយមួយចំពោះប្រទេសរបស់យើង នៅក្នុងគ្រប់វិស័យទាំងអស់ រួមមាននយោបាយ សេដ្ឋកិច្ច និង យោធាយើងត្រៀមខ្លួនឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះបញ្ហានេះ ហើយវាគឺជាឆន្ទៈរឹងមាំ និង រឹងរូសនៃកងទ័ព និង ប្រជាជនរបស់យើង។
ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតរូបនេះ បាននិយាយទៀតថា កូរ៉េខាងជើងនឹងមិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេ ទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ។
កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាសន្តិសុខ បានបោះឆ្នោតជាឯកច្ឆន្ទ ចំពោះដំណោះស្រាយមួយដែលកំពុងរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដោយកាត់បន្ថយការផ្គត់ផ្គង់ប្រេងរបស់ខ្លួនជិត 30% ហាមឃាត់រាល់ការនាំចេញវាយនភ័ណ្ឌ ដែលមានតម្លៃ 800 លានដុល្លារ និង មិនឱ្យមានការផ្ទេរប្រាក់របស់កម្មករកូរ៉េខាងជើងមកពីបរទេស។
កាលពីថ្ងៃអង្គារ ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិនគាំទ្រដំណោះស្រាយចុងក្រោយបំផុត ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយកត់សម្គាល់ថា វាឆ្លុះបញ្ចាំងពីជំហររបស់ខ្លួន ក្នុងការការពារសន្តិភាព និង ស្ថិរភាព ហើយនិងពន្លឿនការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និង ប្រកាន់ខ្ជាប់លើការមិនរីកសាយជាលក្ខណៈអន្តរជាតិ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !