មេបញ្ជាការណាតូ គឺលោក Jens Stoltenberg បានព្រមានថា សង្គ្រាមនៅលើឧបទ្វីបកូរ៉េនឹងនាំមកនូវមហន្តរាយ ហើយបាននិយាយបន្ថែមទៀតថា សម្ព័ន្ធភាពយោធាមួយនេះ មានមធ្យោបាយដើម្បីឆ្លើយតបចំពោះការវាយប្រហារដោយមីស៊ីល និង នុយក្លេអ៊ែរប្រសិនបើអាវុធទាំងពីរនេះត្រូវបានគេបាញ់។
ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប កាលពីសប្តាហ៍មុន ដែលអ្នកសង្កេតការណ៍ខ្លះនិយាយថា នឹងអាចវាយប្រហារដល់អាមេរិក។
អគ្គលេខាធិការអង្គការណាតូ Stoltenberg បាននិយាយកាលពីថ្ងៃចន្ទថា សង្គ្រាមនៅឧបទ្វីបកូរ៉េនឹងនាំមកនូវមហន្តរាយ ហើយនិង មានផលវិបាកជាសកល។
លោកបាននិយាយទៀតថា សម្ព័ន្ធភាពដែលមាន 29 ប្រទេសនេះ គឺរឹងមាំ និង រួបរួម ហើយណាតូអាចឆ្លើយតបចំពោះការវាយប្រហារណាមួយ រួមទាំងការវាយប្រហារដោយមីស៊ីលផ្លោងអន្តរទ្វីប និង គ្រាប់បែកនុយក្លេអ៊ែរ។
លោក Stoltenberg បានបន្ថែមទៀតថា ណាតូនឹងបន្តដាក់សម្ពាធអតិបរិមាលើកូរ៉េខាងជើង។ យើងនឹងបន្តផ្តល់នូវការទប់ស្កាត់គួរឱ្យទុកចិត្តបាន ហើយធ្វើការជាមួយដៃគូរបស់យើងនៅក្នុងតំបន់។
កងកម្លាំងអាកាសទីប្រាំពីររបស់អាមេរិក បានបញ្ជូនសម្ភារៈយោធាជាយុទ្ធសាស្ត្រសំខាន់ៗ ដោយរាប់បញ្ចូលទាំងយន្ដហោះចម្បាំងបំបាំងកាយ សម្រាប់ការហ្វឹកហ្វឺនប្រចាំឆ្នាំនៅឧបទ្វីបកូរ៉េ។ សរុបទៅមានយន្តហោះ 230 គ្រឿងដែលនឹងកំពុងហោះហើរនៅទីតាំងយោធាអាមេរិក និង កូរ៉េខាងត្បូង ចំនួន 8 កន្លែង នៅភាគខាងត្បូង។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !