មន្ត្រីរដ្ឋាភិបាលនៃប្រទេសចិនបាននិយាយថា ឥឡូវនេះវាមានភាពងាយស្រួល សម្រាប់អ្នកមានទេពកោសល្យកំពូលនៅប្រទេសចិន ក្នុងការចំណាយពេលនៅប្រទេសចិន ដើម្បីស្វែងយល់ពីប្រទេសនេះ មុនពេលដាក់ពាក្យសុំធ្វើការងារ។
ក្រោមបទប្បញ្ញត្តិស្តីពីការចេញទិដ្ឋាការប្រភេទ “ R ” ដែលបានចូលជាធរមានកាលពីថ្ងៃចន្ទ អ្នកជំនាញបរទេស ដែលមានជំនាញក្នុងតម្រូវការជាបន្ទាន់ នឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសចិនរហូតដល់ 180 ថ្ងៃក្នុងមួយលើក ដោយមានធាតុច្រើនលើទិដ្ឋាការដែលមានសុពលភាពចាប់ពី 5 ទៅ 10 ឆ្នាំ។ ហើយគោលនយោបាយទាំងនេះ ក៏នឹងអនុវត្តចំពោះប្តីប្រពន្ធនិងកូនៗរបស់ជនបរទេសទាំងនោះផងដែរ។
យោងតាមបទបញ្ជា ដែលត្រូវបានចេញផ្សាយរួមគ្នាដោយ រដ្ឋបាលនៃអ្នកជំនាញកិច្ចការបរទេស ក្រសួងការបរទេស និង ក្រសួងសន្តិសុខសាធារណៈបានអោយដឹងថា អ្នកវិទ្យាសាស្រ្តកំពូល សហគ្រិនអន្តរជាតិ និង អ្នកមានទេពកោសល្យជាច្រើនទៀត ដែលមានជំនាញកម្រិតខ្ពស់ជាក់លាក់ ដែលត្រូវការនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមរបស់ប្រទេសទាំងអស់ សុទ្ធតែមានលក្ខណៈគ្រប់គ្រាន់ក្នុងការដាក់ពាក្យសុំទិដ្ឋាការនេះ។
លោក Gao Xiang ប្រធាននាយកដ្ឋានគោលនយោបាយ និង រដ្ឋបាលនៃអ្នកជំនាញកិច្ចការបរទេស បាននិយាយថា កម្មវិធីដែលមានលក្ខណៈរហ័សក៏អាចប្រើបានសម្រាប់ទិដ្ឋាការនេះផងដែរ។ ហើយកម្មវិធីនេះអាចត្រូវបានធ្វើនៅលើបណ្តាញ ដោយគ្មានឯកសារណាមួយ និង ដោយឥតគិតថ្លៃ។
លោក Xiang បានមានប្រសាសន៍ថា ពត៌មានដែលបានបង្ហោះដោយបេក្ខជន នឹងត្រូវបានចែករំលែកដោយនាយកដ្ឋានទាំងបី ដែលនឹងជួយសន្សំពេលវេលារបស់អ្នកដាក់ពាក្យសុំ ព្រោះពួកគេនឹងមិនចាំបាច់ប្រគល់ព័ត៌មាននេះ ម្តងហើយម្តងទៀតឡើយ។
លោក Gao Xiang បានបន្ថែមទៀតថា ពេលវេលាដែលនាយកដ្ឋានត្រូវការវិនិច្ឆ័យ ថាតើជនបរទេសត្រូវបានទទួលស្គាល់ថា ជាអ្នកមានទេពកោសល្យកំពូល ត្រូវបានកាត់បន្ថយពី 10 ថ្ងៃ ទៅ 5 ថ្ងៃ ដែលងាយស្រួលជាងសម្រាប់ពួកគេ។ នៅពេលជនបរទេសត្រូវបានបញ្ជាក់ ទិដ្ឋាការអាចត្រូវបានចេញក្នុងរយៈពេលពីរថ្ងៃ។
លោក Xiang បាននិយាយថា បទបទប្បញ្ញត្តិនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសចិនកំពុងអនុវត្តន៍គោលនយោបាយបើកចំហរ ដោយមានភាពសកម្ម និង មានប្រសិទ្ធភាពលើទេពកោសល្យ ដែលធ្វើឱ្យប្រទេសនេះមានភាពទាក់ទាញ ដល់អ្នកមានទេពកោសល្យខ្ពស់នៅទូទាំងពិភពលោក។
លោកបាននិយាយទៀតថា តាមរយៈការចេញបទប្បញ្ញត្តិទិដ្ឋាការនេះ ប្រទេសចិនបានបញ្ជូនសញ្ញាមួយថា ខ្លួនស្វាគមន៍ទេពកោសល្យកំពូលៗពីទូទាំងពិភពលោក ហើយថាខ្លួនមានបំណងបង្កើតលក្ខខណ្ឌ សម្រាប់ទេពកោសល្យបែបនេះ ដើម្បីឱ្យពួកគេធ្វើការ និង រស់នៅក្នុងប្រទេសចិនដោយរីករាយ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !