មន្ត្រីក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃពុធថា ពន្ធគយចំនួន 200 ពាន់លានដុល្លារ ដែលត្រូវបានស្នើឡើងចុងក្រោយដោយសហរដ្ឋអាមេរិក ស្តីពីការនាំចូលរបស់ចិន នឹងធ្វើឱ្យប៉ះពាល់ដល់សកលភាវូបនីយកម្ម និង ធ្វើឱ្យខូចដល់លំដាប់នៃសេដ្ឋកិច្ចពិភពលោក។
ការអត្ថាធិប្បាយនេះ បានធ្វើឡើងក្នុងរយៈពេលខ្លី បន្ទាប់ពីរដ្ឋការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងយកពន្ធចំនួន 10 ភាគរយទៅលើតម្លៃទំនិញបន្ថែមរបស់ចិនចំនួន 200 ពាន់លានដុល្លារ។
លោក លី ឆេងងហ្គាង Li Chenggang ដែលជាជំនួយការរដ្ឋមន្ត្រីពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពន្ធបន្ថែមនឹងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ ដល់ក្រុមហ៊ុន និង អ្នកប្រើប្រាស់សកលលោក។
លោក លី បានសង្កត់ធ្ងន់ទៀតថា មិនមានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មទេ ហើយកិច្ចសហប្រតិបត្តិការ គឺជាជម្រើសត្រឹមត្រូវតែមួយគត់ សម្រាប់ទំនាក់ទំនងទ្វេភាគីប្រកបដោយនិរន្តរភាព។
លោក លី បាននិយាយបន្ថែមថា ប្រទេសចិននឹងមិនផ្លាស់ប្តូរការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងស្រុកឡើយ ហើយប្រឆាំងជំទាស់វិធានការឯកតោ និង គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
លោកបានបន្ថែមទៀតថា ប្រទេសចិននឹងបន្តបើកចំហ និង ផ្តល់ដល់ក្រុមហ៊ុនសកលលោកនូវឱកាសអភិវឌ្ឍន៍។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !