កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ថាក្រុមមន្រ្តីរបស់អាមេរិក បានមកដល់កូរ៉េខាងជើង ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលមួយ រវាងរូបលោក និង មេដឹកនាំកំពូលរបស់កូរ៉េខាងជើង គីមជុងអ៊ុន ( Kim Jong Un )។
លោក Trump បាននិយាយទៀតថា ក្រុមសហរដ្ឋអាមេរិករបស់យើង បានមកដល់ប្រទេសកូរ៉េខាងជើង ដើម្បីរៀបចំកិច្ចប្រជុំកំពូលរវាងលោក គីមជុងអ៊ុន និង រូបខ្ញុំផ្ទាល់។
កិច្ចប្រជុំ Donald Trump – Kim Jong Un ត្រូវបានគេគ្រោងនឹងប្រារព្ធនៅប្រទេសសិង្ហបុរី នៅថ្ងៃទី 12 ខែមិថុនា។
លោក Trump បាននិយាយបន្ថែមនៅឯសេតវិមានទៀតថា ខ្ញុំពិតជាជឿជាក់ថា កូរ៉េខាងជើងមានសក្ដានុពលដ៏អស្ចារ្យ ហើយនឹងក្លាយជាថ្ងៃមួយដ៏ល្អសំរាប់សេដ្ឋកិច្ច និង ហិរញ្ញវត្ថុរបស់ពួកគេ។ លោក គីមជុងអ៊ុន យល់ស្របជាមួយខ្ញុំអំពីរឿងនេះ ហើយវានឹងកើតឡើង។
កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ ( Washington Post ) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូង លោក Sung Kim បានឆ្លងចូលកូរ៉េខាងជើង ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយជាមួយលោក Choe Son Hui អនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កូរ៉េខាងជើង។
លោក Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា កិច្ចប្រជុំនេះនឹងបន្តនៅថ្ងៃច័ន្ទ និង ថ្ងៃអង្គារ៍ នៅផ្នែកខាងជើងនៃតំបន់គ្មានយោធា ដែលមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានជួបជាមួយលោក មូនចេអ៊ីន ( Moon Jae-in ) ប្រធានាធិបតីកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍កន្លងទៅ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !