អ្នករចនាយន្តហោះចម្បាំងបំបាំងកាយ J-20 របស់ចិន បាននិយាយថា ប្រទេសចិននឹងបន្តស្រាវជ្រាវរុករកយន្តហោះចម្បាំងថ្មី ដែលបំពេញតម្រូវការជាតិ និង បង្កើតភាពភ្ញាក់ផ្អើលបន្ថែមទៀត។
លោក Yang Wei ដែលជាអនុប្រធានសភាជាតិរបស់ប្រជាជន National People’s Congress ( NPC ) និង ជាអ្នករចនាយន្តហោះចម្បាំងបំបាំងកាយ J-20 បាននិយាយនៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ NPC ថា ប្រទេសចិននឹងបន្តគាំទ្រដល់កិច្ចប្រឹងប្រែង ដើម្បីរៀបចំយន្តហោះចម្បាំង និង ផលិតបន្ថែមទៀត ហើយស្រាវជ្រាវយន្ដហោះចម្បាំងថ្មី។
លោក Yang បាននិយាយទៀតថា នឹងមានការភ្ញាក់ផ្អើលបន្ថែមទៀត នៅក្នុងកងយន្តហោះចម្បាំងនាពេលអនាគត ដែលនឹងត្រូវបានបំពាក់ឧបករណ៍ព័ត៌មាន និង គ្រឿងយន្តដែលកាន់តែទំនើប។
លោក Song Zhongping ដែលជាអ្នកជំនាញយោធា និង ជាអ្នកធ្វើអត្ថាធិប្បាយទូរទស្សន៍ បានប្រាប់កាសែត Global Times កាលពីថ្ងៃអង្គារ៏ថា ការភ្ញាក់ផ្អើលនេះ រួមបញ្ចូលទាំងការធ្វើឱ្យជឿនលឿន ទៅលើការស្រាវជ្រាវរបស់អ្នករចនាយន្ដហោះចម្បាំងថ្មី ជំនាន់ក្រោយរបស់ចិន ដែលត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រទេសចិនលែងជាអ្នកដើរតាម ប៉ុន្តែជាមេដឹកនាំក្នុងការអភិវឌ្ឍយន្ដហោះប្រយុទ្ធបំបាំងកាយ។
ស៊េរីយន្ដហោះចម្បាំងទំនើប J-20 នេះ អាចជួយប្រទេសចិនទាញយកឧត្តមភាពនៃដែនអាកាស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង ការពារសន្តិសុខជាតិ នៅពេលប្រឈមនឹងការទប់ស្កាត់ពីសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និង ឥណ្ឌា។
លោក Song បាននិយាយបន្ថែមថា យន្ដហោះប្រយុទ្ធបំបាំងកាយស៊េរី J-20 ត្រូវបានគេរំពឹងថានឹងត្រូវកែលម្អឡើងវិញដូចជា ម៉ាស៊ីន និង ឧបករណ៍អេឡិចត្រូនិក និង រ៉ាដាថ្មី។ ហើយការរចនានេះ អាចឱ្យយន្តហោះប្រយុទ្ធបំបាំងកាយធុន J-20 នេះ ហោះហើរបានកាន់តែច្រើន និង ផ្ទុកគ្រាប់បែកធំជាងមុន។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !